អ្នកជំនាញនិយាយថា មួយទសវត្សរ៍ទៀត អាមេរិកនឹងមានទ័ពជាមនុស្សយន្តច្រើនជាងទ័ពជាមនុស្សពិតនៅលើសមរភូមិ

241
views

មន្ទីរបញ្ចកោណបានទទួលកុងត្រាតម្លៃ ១១ លានដុល្លារដើម្បីកសាងសមត្ថភាពកងទ័ពរួមបញ្ចូលគ្នានៃមនុស្សមែនទែន និងមនុស្សយន្ត។

ក្រោមកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុន Six3 Advanced Systems នឹងត្រូវរចនា អភិវឌ្ឍ និងធ្វើសុពលកម្មគំរូនៃប្រព័ន្ធថ្មីនេះ ដែលត្រូវរំពឹងទុកថានឹងបញ្ចប់ត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩។

ចំណាត់ការនេះបានកើតឡើងស្របពេលក្រុមអ្នកជំនាញបានព្រមានថា នាពេលខាងមុខអាវុធមនុស្សយន្តនឹងដើរតួសំខាន់ក្នុងសង្រ្គាម ហើយអាចវ៉ាដាច់វត្តមានមនុស្សនៅលើសមរភូមិនៅទសវត្សរ៍ក្រោយ។

កុងត្រាតម្លៃ ១០.៥៣៩.៦៥២ ដុល្លារពីក្រសួងការពារជាតិអាមេរិក បានទាមទារឱ្យ Six3 រចនា អភិវឌ្ឍ និងធ្វើសុពលកម្មប្រព័ន្ធគំរូសម្រាប់ក្រុមកងទ័ពរួមបញ្ចូលគ្នា។

ក្រសួងបានពន្យល់ថា ក្រុមបែបនេះរួមបញ្ចូលមនុស្សនិងមនុស្សយន្ត ការទាក់ទងគ្រប់ទីកន្លែង និងព័ត៌មាន និងសមត្ថភាពខ្ពស់នៅគ្រប់ទីតាំង ដើម្បីបង្កើនការប្រតិបតិ្តរបស់ក្រុមយោធាក្នុងបរិស្ថានប្រតិបត្តិការដ៏ស្មុគស្មាញ។

ចាប់ពីរថយន្តគ្មានមនុស្សបើកនិងយន្តហោះ រហូតដល់ក្រុមនាវាគ្មានមនុស្សបើក យោធាអាមេរិកបានងាកទៅរកបច្ចេកវិជ្ជាស្វយ័តដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ការកែប្រែនេះអាចឃើញជុំវិញពិភពលោក។

ជាឧទាហរណ៍ ប្រទេសរុស្ស៊ីបានប្រឹងប្រែងក្នុងការរួមបញ្ចូលមនុស្សយន្តទៅក្នុងសមរភូមិ ដោយរួមបញ្ចូលយន្តហោះដ្រូនបំពាក់អាវុធ។

ក្រុមអ្នកជំនាញទស្សន៍ទាយថា មនុស្សយន្តគឺជាអនាគតសម្រាប់ការធ្វើសង្រ្គាម ហើយវាអាចកើតឡើងឆាប់ជាងការរំពឹងទុក។

លោក John Bassett អតីតមន្ត្រីស៊ើបអង្កេតអង់គ្លេសបាននិយាយកាលពីឆ្នាំមុនថា “អាវុធយន្តមានភាពឈ្លាសវៃ…ពួកវាជាភាពពិតមួយហើយ ហើយនឹងពិតខ្លាំងត្រឹមឆ្នាំ ២០៣០។ ត្រឹមអំឡុងឆ្នាំ ២០២៥ ឬនៅក្បែរឆ្នាំនោះ កងទ័ពអាមេរិកនឹងមានមនុស្សយន្តសម្រាប់សង្រ្គាមច្រើនជាងកងទ័ពមនុស្ស”៕

Leave a comment