លោកស្រីយីងឡាក់បួងសួងព្រះទាំងទឹកភ្នែក នៅថ្ងៃខួបកំណើត ដើម្បីសុំឱ្យមានយុត្តិធម៌ពីតុលាការកំពូល

214
views

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ បានឈានចូលអាយុ ៥០ កាលពីថ្ងៃពុធ ទី២១ មិថុនា និង យកឱកាសនោះអំពាវនាវសុំការសន្តោសប្រណី និង យុត្តិធម៌ ពីតុលាការ ក្នុងការតស៊ូរបស់លោកស្រីប្រឆាំងនឹងការចោទប្រកាន់នានា ដែលកើតចេញពីគម្រោងទិញស្រូវអង្កររបស់លោកស្រី។

លោកស្រីបានកំពុងការពារខ្លួនឯងក្នុងនាយកដ្ឋានព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយរបស់តុលាការកំពូល ប្រឆាំងនឹងការចោទប្រកាន់អំពីការមិនគោរពកាតព្វកិច្ចក្នុងគម្រោងការទិញស្រូវអង្ករដ៏ខាតបង់ធ្ងន់ធ្ងរ។ លោកស្រីយីងឡាក់ កាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានធ្វើជាប្រធានគណៈកម្មាធិការនយោបាយស្រូវអង្ករថ្នាក់ជាតិ។

លោកស្រីប្រឈមជាប់គុករហូតដល់ ១០ ឆ្នាំ និង ត្រូវហាមឃាត់ពីនយោបាយ ប្រសិនបើរកឃើញទោសកំហុស។

លោកស្រី យីងឡាក់ ក៏អាចត្រូវបានទាមទារឱ្យបង់លុយសំណងខូចខាតជាង ៣៥ ពាន់លានបាត ឬ ២០ ភាគរយនៃការខាតបង់សរុប ១៧៨ ពាន់លានបាតផងដែរ ដែលកំណត់ដោយក្រុមប្រឹក្សាមួយ ដែលបង្កើតឡើងដើម្បីស៊ើបអង្កេតគម្រោងការទិញស្រូវអង្ករ បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយបក្សភឿថៃ ត្រូវបានបណ្តេញពីអំណាចដោយរដ្ឋប្រហារ ក្នុងឆ្នាំ ២០១៤។

លោកស្រីយីងឡាក់បានបន់ស្រន់សុំឱ្យមានយុត្តិធម៌ បន្ទាប់ពីធ្វើបុណ្យខួបកំណើតនៅវត្តសាកែត ហើយបន្ទាប់មកបានដើរឡើងភ្នំមាស ដើម្បីសម្តែងការគោរពដល់រូបបដិមាព្រះពុទ្ធនៅទីនោះ។

បងប្រុសរបស់គាត់ គឺលោកថាក់ស៊ីន ដែលនៅតែកំពុងនិរទេសខ្លួននៅក្រៅស្រុកនៅឡើយ បានផ្ញើបាច់ផ្កាដ៏ធំសម្រាប់លោកស្រីនៅថ្ងៃខួបកំណើត ដូចដែលបានបង្ហាញនៅលើគណនីហ្វេសប៊ុករបស់លោកស្រី។

លោកស្រីយីងឡាក់ មិនអាចទប់ទឹកភ្នែកជាប់ទេ នៅពេលគាត់សារភាពថា ឆ្នាំនេះនឹងជាឆ្នាំលំបាកបំផុតក្នុងជីវិតគាត់។ តែមិនថ្វីទេ លោកស្រី បានប្តេជ្ញារក្សាភាពរឹងប៉ឹងជម្នះរាល់ឧបសគ្គទាំងឡាយ៕

ប្រភព៖បាងកកប៉ុស្ដិ៍

Leave a comment