៨០ ឆ្នាំក្រោយចប់សង្គ្រាមលោកលើកទីពីរ យន្តហោះចម្បាំងដែលធ្លាក់ខូច អាចហោះឡើងវិញបានហើយ ក្រោយចំណាយសន្ធឹកសន្ធាប់ជួសជុលឡើងវិញ

293
views

យន្តហោះចម្បាំងនិមិត្តរូបប្រចាំសង្រ្គាមលោកទីពីរមួយគ្រឿង ដែលបានជួបឧបទ្ទេវហេតុខណៈបានព្យាយាមជួយសង្រ្គោះកងទ័ពសម្ព័ន្ធមិត្ត បានហោះហើរម្ដងទៀតជាលើកដំបូងក្នុងរយៈពេលជិត ៨០ ឆ្នាំ។

យន្តហោះ Mk 1 Hawker Hurricane បានហោះហើរលើអាកាសក្រោយចាកចេញពីទីលានចុះយន្តហោះ Elmsett ក្នុងតំបន់ Suffolk ប្រទេសអង់គ្លេស បន្ទាប់ពីគម្រោងស្ដារឡើងវិញក្នុងតម្លៃ ២ លានផោន (២,៥៦ លានដុល្លារអាមេរិក) និងចំណាយពេលជាង ២៥.០០០ ម៉ោងដោយកម្មករជំនាញខ្ពស់។

ក្នុងខែឧសភា ឆ្នាំ ១៩៤០ យន្តហោះចម្បាំង Hurricane របស់កងអនុសេនីយ៍លេខ ២៤៥ នៃកងទ័ពអាកាសអង់គ្លេសបានហោះចេញពីតំបន់ Kent ប្រទេសអង់គ្លេសជាមួយពីឡុតឈ្មោះ Kenneth McGlashan មុននឹងត្រូវបានបាញ់ទម្លាក់នៅឆ្នេរក្នុងសមរភូមិ Dunkirk ប្រទេសបារាំង។

ប៉ុន្តែឥឡូវ សំឡេងរបស់យន្តហោះចម្បាំងនេះនឹងត្រៀមកំដរអារម្មណ៍អ្នកស្នេហាប្រវត្តិសាស្ត្រនៅពិធីហោះហើរយន្តហោះនៅអង់គ្លេស។

គួរបញ្ជាក់ផងដែរថា យន្តហោះ Hurricane បានណែនាំក្នុងឆ្នាំ ១៩៣៧ ដោយបានផលិតចំនួន ១៤.៥៣៣ គ្រឿង។ វាប្រើប្រាស់ម៉ាស៊ីន Rolls Royce Merlin ដោយហោះបានកម្ពស់ ៦ គីឡូម៉ែត្រ និងបើកក្នុងល្បឿនអតិបរមា ៦៤២ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកាណុងទំហំ ៤ x ២០មម និងគ្រាប់បែកទម្ងន់ ២២៦ គីឡូក្រាមពីរគ្រាប់៕

ប្រភព៖បរទេស

Leave a comment