ខ្លាំងទាំងនៅលើទីលានវាលស្មៅនិងនយោបាយ! អតីតកីឡាករ AC Milan និង Chelsea ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីលីបេរីយ៉ា

142
views

អតីតកីឡាករលំដាប់ពិភពលោក George Weah ត្រូវបានប្រកាសជាជ័យលាភីនៃការបោះឆ្នោតប្រធានាធិបតីលីបេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ធ្នូ ដោយផ្តួលគូប្រជែងរបស់ខ្លួន គឺអនុប្រធានាធិបតីក្នុងតំណែង លោក Joseph Boakai ជាមួយសំឡេងឆ្នោត ៦១,៥ ភាគរយក្នុងការបោះឆ្នោតជុំផ្តាច់ព្រ័ត្រ។ ប្រជាពលរដ្ឋនាំគ្នាតាមដានការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់តាមរយៈវិទ្យុក្នុងរដ្ឋធានី​ម៉ុងរ៉ូវីយ៉ា ប្រទេសលីបេរីយ៉ា។

លោក George Weah ឈរឈ្មោះក្រោមឆ័ត្រគណបក្សចម្រុះដើម្បីការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ ខណៈគូប្រជែងរបស់លោក គឺលោក Joseph Boakai តំណាងឱ្យគណបក្សសាមគ្គីភាព។

លោក George Weah បានបង្ហាញខ្លួននៅស្ថានីយបោះឆ្នោតដើម្បីគូសសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋធានីម៉ុងរ៉ុវីយ៉ា កាលពីថ្ងៃទី ១០ តុលា។

លោក George Weah ត្រូវបានទទួលស្គាល់ជាកីឡាករបាល់ទាត់អស្ចារ្យបំផុតមួយរូបរបស់អាហ្វ្រិក។ គាត់ធ្លាប់ទទួលបានទាំងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA និង ពានរង្វាន់បាល់មាសរបស់ទ្វីបអឺរ៉ុប (Ballon d’Or) ក្នុងឆ្នាំ ១៩៩៥ ដោយក្លាយជាកីឡាករអាហ្វ្រិកទីមួយតែម្នាក់គត់ ដែលឈ្នះពានរង្វាន់ទាំងពីរនេះ។ អតីតកីឡាកររបស់ AC Milan រូបនេះក៏ធ្លាប់ជាជ័យលាភីពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក ៣ ជំនាន់ផងដែរ គឺក្នុងឆ្នាំ ១៩៨៩, ១៩៩៤ និង ១៩៩៥។

លោក George Weah ធ្លាប់លេងឱ្យក្លឹប AC Milan ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០ ហើយត្រូវបាន Chelsea ខ្ចីជើងក្នុងឆ្នាំ ២០០០។ ក្លឹបចុងក្រោយរបស់គាត់គឺ Al Jazira អំឡុងរដូវកាល ២០០១ ដល់ ២០០៣៕

Leave a comment