សមត្ថកិច្ចចុះស្រាវជ្រាវករណីថៅកែរណ្តៅដីបាញ់កាំភ្លើងអស់មួយបង់

73
views

​កណ្តាល​ ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើ​ន​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាឱ្យកម្លាំងប៉ូលិសជំនាញ សហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ​ ចុះទៅស៊ើបអង្កេត និងចាត់វិធានការចំពោះទង្វើបាញ់បោះយ៉ាងអនាធិបតេយ្យ ពីសំណាក់ថៅកែរណ្តៅដីឈ្មោះ ពៅ ប្រចាំនៅស្រុកស្អាង​ ខេត្តកណ្តាល​។

​លោកឧត្តមសេនីយ៍អ៊ាវ​ ចំរើន បានអះអាងថា «ក្រោយទទួលបានព័ត៌មាននេះភ្លាម និងដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក បានបញ្ជាឱ្យកម្លាំងប៉ូលិសជំនាញ និងប៉ូលិសមូលដ្ឋាន​ ចុះទៅសួរនាំ ស៊ើបអង្កេត និងចាត់វិធានការចំពោះករណីនេះហើយ»។

​សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨មាន ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានលាន់យ៉ាងខ្លាំងៗ ចេញពីទីតាំងកន្លែងរណ្តៅអត់ច្បាប់ ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្តតែម្តង ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កឈ្មោះ ពៅ ជាម្ចាស់រណ្តៅដីអត់ច្បាប់។

​ប្រភពនិយាយថា ជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមដល់ខាងមន្រ្តីជំនាញក្រសួងរ៉ែ និងថាមពល ពេលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។

​បន្ទាប់ពីបាញ់រួចឈ្មោះ ពៅ ក៏បានបញ្ជាឱ្យកូនចៅរបស់ខ្លួនបើកអេស្កាវ៉ាទ័រ កាយដីយកទៅដាក់ចំកណ្តាលផ្លូវ ដើម្បីបង្អាក់ដំណើរក្រុមមន្ត្រីជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រកាយដីបានខូច។

​មន្ត្រីសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ឈ្មោះ ពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ រូបគេថែមទាំងមានកាំភ្លើង៣ដើម មិនដឹងថា មានលិខិតអនុញាតិ ឬយ៉ាងណានោះឡើយ។

​ប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏បាននិយាយឱ្យដឹងថា ជននេះតែងតែបាញ់បោះអនាធិបតេយ្យជាច្រើនលើកកន្លងមក ប៉ុន្តែមិនដែលជាប់ខ្នោះរបស់សមត្ថកិច្ចនោះឡើយ៕

Leave a comment