សប្បុរសជន ផ្តល់ថវិកា៥ពាន់ដុល្លារជួយសាងសង់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល​

124
views

​កោះកុង​ ៖ សប្បុរសជនមួយរូប​ បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន៥ពាន់ដុល្លារអាមេរិក ដើម្បីធ្វើការសាងសង់ ទីស្នាក់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង​ ព្រោះលោកសង្កេតឃើញថា​ ឃុំស្រែអំបិល មិនមានស្នាក់ការប៉ុស្តិ៍រដ្ឋបាលសម្រាប់ធ្វើការបានសមរម្យនោះទេ។

​លោក លី សាម៉េត ដែលជាសប្បុរសជន បានប្រកាសផ្តល់ថវិកា៥ពាន់ដុល្លារ ទៅដល់ប៉ុស្តិ៍រដ្ឋបាល​ស្រែអំបិលនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីសមត្ថកិច្ច នៅអធិការដ្ឋានប៉ូលិសស្រុកស្រែអំបិលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីធ្វើការសាងសង់ទីស្នាក់ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ដើម្បីឱ្យមានកន្លែងធ្វើបានការបានសមរម្យ ដោយសារបច្ចុប្បន្ននេះ គឺមិនមានកន្លែងសម្រាប់ទុកដាក់ឯកសារគតិយុត្តិ ឬគ្មានបន្ទប់សុវត្ថិភាពសម្រាប់ រក្សាទុកជនល្មើសរយៈ៤៨ម៉ោងនោះឡើយ​​។

​ក្នុងពិធីដដែលនេះ លោក លី សាម៉េត បានថ្លែងថា «ប្រទេសជាតិមានស្ថេរភាព មានសុខសន្តិភាពនយោបាយល្អ និងមានការអភិវឌ្ឍន៍ការរីកចម្រើនឥតឈប់ឈរ មកដល់បច្ចុប្បន្ននេះ គឺបានកើតឡើងក្រោមការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសម្តេចបានដឹកនាំប្រទេសជាតិពីបាតដៃទទេ និងហ៊ានលះបង់ យកអាយុជីវិតធ្វើជាដើមទុន ប្តូរផ្តាច់ការពារបូរណៈភាពទឹកដី ពោលគឺគ្មានសម្តេចតេជោសែន កម្ពុជាក៏គ្មានពេលនេះ និងគ្មានការអភិវឌ្ឍន៍អ្វីនោះដែរ​»។

​លោកបានបន្តទៀតថា «ក្រោមការខិតខំជំរុញអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ និងការផ្តល់សុខសន្តិភាព ពេញផ្ទៃប្រទេស របស់សម្តេចតេជោសែន នៅតាមមូលដ្ឋានក៏មានសារៈសំខាន់ណាស់ផងដែរ ក្នុងការចូលរួមចំណែក ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​។ ក្នុងនោះកងកម្លាំងត្រូវតែមានភារកិច្ច និងមានផែនការរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់ ករណីដែលកើតមានឡើង និងត្រូវធ្វើជាគំរូល្អ ដើម្បីប្រជាពលរដ្ឋគោរពស្រឡាញ់ និងមានការជឿជាក់គ្រប់ៗគ្នា»​។

​ដោយបង្ហាញពីសេចក្តីសេចក្តីស្រលាញ់យ៉ាងខ្លាំងមកលើសម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិឈានមករកការរីកចម្រើនដូចសព្វថ្ងៃ ដែលកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ លោក លី សាម៉េត ​បានផ្តល់ថវិការជូនដល់កងកម្លាំង និងមន្តីជារាជការ ក្នុងម្នាក់ៗ នូវថវិកាចំនួន៥ម៉ឺនរៀល។

​នៅថ្ងៃដដែលនោះដែរ លោក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងភូមិដងពែង ឃុំដងពែង ដោយបានផ្តល់ ថវិការជូនប្រជាពលរដ្ឋនៅក្នុងភូមិនោះ ក្នុងម្នាក់ៗ២ម៉ឺនរៀល រួមជាមួយការចូលបច្ច័យបុណ្យសព១លានរៀល និងបច្ច័យកសាងវត្តចំនួន៣ពាន់ដុល្លារអាមេរិក​​។

​លោក ម៉ា ទី អធិការប៉ូលិសស្រុកស្រែអំបិល បានលើកនៅក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកស្រែអំបិល ក្រោមអធិបតីភាព លោក លី សាម៉េត ថា ​ក្រោយពីប្រទេសជាតិមានស្ថេរភាព មានសុខសន្តិភាពនយោបាយល្អ និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កងកម្លាំងនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់ណាស់ នៅក្នុងកិច្ចការចូលរួមការពារសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ​និងការចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗ​ »។

​លោក បន្តថា ចំពោះកិច្ចការពារសណ្ឋាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននេះ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន លោកដាក់កម្លាំងការពារនៅតាមទីប្រជុំជន រហូតទៅដល់មូលដ្ឋាន គឺត្រៀមអន្តរគមន៍នៅគ្រប់ចំណុចទាំង​អស់ ដើម្បីទប់ស្កាត់ឱ្យ​បានទាន់ពេលពេលវេលា លើករណីកើតឡើងផ្សេងៗ ក្នុងនោះលោកប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចការរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រោះការផ្តល់សុខសន្តិភាព និងមានស្ថេរភាព នៅក្នុងមូលដ្ឋាន គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

​គួរបញ្ជាក់ថា លោក លី សាម៉េត បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដែល​សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានចំណាយថវិកាផ្ទាល់ខ្លួន ជាង១០ម៉ឺនដុល្លារអាមេរិករួចមកហើយ ក្នុងនោះ គឺបានចូលរួមកសាងវត្តអារ៉ាម ធ្វើសាងសង់ផ្លូវថ្នល់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ​ កសាងស្នាក់គណបក្សប្រជាជនកម្ពុជា សាងសង់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យ ជួយផ្តល់ថវិកាដល់ស្រ្តីឆ្លងទន្លេ ប្រជាជនក្រីក្រ និងការងារមនុស្សធម៌ជាច្រើនទៀត៕

Leave a comment