មន្ត្រីបម្រើការ​នៅរដ្ឋសភាស្រស់សោភាម្នាក់ បានសម្រេចចិត្តចងកបញ្ចប់ជីវិតបន្សល់ទុកកូន៣នាក់

1322
views

​តាកែវ​ ៖ ស្រ្តីស្អាតវ័យ៣៦ឆ្នាំមួយរូប បានសម្រេចចិត្តចងក សម្លាប់ខ្លួនឯង​ហើយត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចងក ក្នុងបន្ទប់ដេក ដោយបន្សល់ទុកឱ្យកូនៗ៣នាក់ឱ្យនៅកំព្រា ដោយពុំមានមូលហេតុ​។

​ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិផ្សារតាកោរ សង្កាត់​រការ ក្រុងដូនកែវ ខេត្តតាកែវ។

​សមត្ថកិច្ចនិយាយថា សពឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាមន្ត្រីបម្រើការ​នៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។

​លោក ឆាយ សាវុធ អធិការប៉ូលិសក្រុងដូនកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះថា អ្នកស្រី ចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមិនមែនជាករណីអ្វីផ្សេងនោះឡើយ។

​លោកអធិការក៏មិនបានដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះដែរ ប៉ុន្តែក្នុងបន្ទប់ធ្វើអត្តឃាតសមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់រៀបរាប់ពីវិបត្តិស្នេហ៍ ដែលនាំឱ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះបណ្តាលមកពីវិបត្តិស្នេហា​។

​យោងតាមប្រភពពីសមត្ថកិច្ចក្រុងដូនកែវ បានអះអាងថា អ្នកស្រី ចេវ សុវឌ្ឍនា មានកូន៣នាក់ បច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូនក្នុង រាជធានីភ្នំពេញ។ បច្ចុប្បន្ន គេក៏មិនដែលឃើញអ្នកស្រីទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឱ្យ​មានការសន្និដ្ឋានថា អ្នកស្រី សុវឌ្ឍនា ជាស្រ្តីមេម៉ាយ។

​សមត្ថកិច្ចបន្ថែមថា អ្នកស្រី ចេវ សុវឌ្ឍនា បានទៅជួលផ្ទះកន្លែងកើតហេតុនៅក្រុងដូនកែវ ដើម្បីធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ។

​មិត្តភក្តិស្និទ្ធស្នាលរបស់អ្នកស្រី ចេវ សុវឌ្ឍនា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ព្រោះអ្នកស្រីជាមនុស្សមានទឹក
ចិត្តល្អ និងតែងជួយរាល់ទុក្ខធុរៈមនុស្សជុំវិញខ្លួន ហើយពួកគេក៏មិននឹកស្មានថាអ្នកស្រីគិតខ្លីធ្វើអត្តឃាតបែបនេះផងដែរ។

​បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះក្នុងរាជធានីភ្នំពេញ​៕

Leave a comment