ទើបនឹងបញ្ជូនចោរឆក់២នាក់ចូលគុក, ថ្ងៃនេះ បញ្ជូនចោរឆក់វ័យក្មេង៤នាក់ថែមទៀត

137
views

​ភ្នំពេញ​ ៖​ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៍នៃកង អាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនចោរឆក់ វ័យក្មេង៤នាក់ ទៅតុលាការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដើម្បីផ្តន្ទាទោសតាមច្បាប់​ បន្ទាប់ពីត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការបង្ក្រាបបាន ជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសងស័យរួមមាន១- ឈ្មោះ ស ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ​, ២- ឈ្មោះ ឌុយ វ៉ាន់ដា ភេទប្រុស អាយុ​១៦ឆ្នាំ​, ៣- ឈ្មោះ ហួន យុវ័ន្ត ភេទប្រុស អាយុ​១៦ឆ្នាំ និង ៤-ឈ្មោះ ប៊ុន ថា ហៅហៀ ភេទប្រុស អាយុ​១៥ឆ្នាំ។

​មន្ត្រីដដែលបន្តថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១ និង២០នាទីយប់ ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាន់ដា ដែលជាអ្នកធ្វើសកម្មភាពចោរឆក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស ស្លាកលេខ ភ្នំពេញ 1FF-2702 ​បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះមានគ្នា ០២នាក់ ដែលជិះម៉ូតូ ម៉ាក ធូដេ ពណ៌ទឹកសមុទ្រ ស្លាកលេខ ភ្នំពេញ 1DO-2195 ដែលកំពុងធ្វើដំណើរលើដងផ្លូវបានសម្រេច នៅចំណុចមុខក្លឹបស៊ីធី ផ្លូវមុនីរ៉េត ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយពួកគេទាំង ០២នាក់ បានជិះគេចខ្លួនបាត់​។

​លុះពេលជិះដល់ចំណុចមុខឃ្លាំងការ៉ូ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពួកគេបានបន្តធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនរងគ្រោះមានគ្នា ០៣នាក់ ផ្សេងទៀត ដែលជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GN-0552 តែសំណាងមិនល្អ ត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោឡោ។

​ស្របពេលសមត្ថកិច្ចអាវុធហត្ថកំពុងល្បាតផងនោះ បានប្រដេញតាមភ្លាមៗ រហូតឃាត់ខ្លួនបានតែម្តង។ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំង ០២នាក់ ខាងលើ យកមកសួរនាំរួច សមត្ថកិច្ចអាវុធហត្ថ បានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួក ០២នាក់ បន្ថែមទៀត មានឈ្មោះ ហួន យុវ័ន្ត និងឈ្មោះ ប៊ុន ថា ហៅហៀ ដែលបានរួមសមគំនិតក្នុងសកម្មភាពឆក់នេះដែរ។

​ក្រោយពេលឃាត់ខ្លួនបានពួកគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថថា កាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០៨ ពួកគេទាំង ០៤នាក់ រួម និងបក្ខពួក ០៥នាក់ទៀត ដែលមាន ឈ្មោះ ថា​, ឈ្មោះ អេង​, ឈ្មោះ ប៉ៅ​, ឈ្មោះ ខូច និងឈ្មោះ ប៉ុល បានជួបជុំគ្នានៅចំណុចហាងកាហ្វេមួយកន្លែង ក្បែរបុរី៩៩៩ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដើម្បីពិភាក្សាគ្នា និងរៀបគំរោងធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវពេលយប់​។

​ក្រោយពេលជួបជុំគ្នាហើយ ពួកគេបានបំបែកគ្នា ដោយឈ្មោះ ហួន យុវ័ន្ត ហៅវណ្ណ បានប្រគល់ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ស ស្លាកលេខ ភ្នំពេញ 1FF-2702 ឱ្យ ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាដា ខ្ចីដើម្បីធ្វើសកម្មភាពឆក់។

​បន្ទាប់មកឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាដា បានជិះម៉ូតូនោះ ចេញទៅបាត់តែម្តង។ លុះដល់វេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃដដែល ឈ្មោះ ស ដាវីត និងឈ្មោះ ឌុយ វ៉ាន់ដា បានជិះម៉ូតូដែលបក្ខពួកខ្លួនឱ្យខ្ចី ធ្វើសកម្មភាពឆក់ ០២លើកជាប់គ្នា។

​លើកទី១- បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះមានគ្នា ០២នាក់ ដែលជិះម៉ូតូ ម៉ាក ធូដេ ពណ៌ទឹកសមុទ្រ ស្លាកលេខ ភ្នំពេញ 1DO-2195 ដែលកំពុងធ្វើដំណើរលើដងផ្លូវបានសម្រេច នៅចំណុចមុខក្លឹបស៊ីធី ផ្លូវមុនីរ៉េត ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​លើកទី២- ពួកគេបានបន្តធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនរងគ្រោះមានគ្នា​០៣នាក់ ផ្សេងទៀត ចំណុចមុខឃ្លាំងការ៉ូ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GN-0552 តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

​ពួកគេបានប្រាប់ឱ្យដឹងបន្តទៀតថា ក្រោយពេលធ្វើសកម្មភាពឆក់ហើយ ពួកគេបានជួបជុំគ្នាផឹកស៊ី និងទិញគ្រឿងញៀនយកមកប្រើប្រាស់៕

Leave a comment