ច្រឡំធ្ងន់ធ្ងរ!!! ខ្មាន់កាំភ្លើងសារភាព “ការបាញ់ប្រហារឱ្យរបួសប្រុសស្រី ២ នាក់ជាការយល់ច្រឡំ”

235
views

​ភ្នំពេញ​ ៖ ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារប្រុសស្រី ០២ នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បានបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នេះ។

​ការបញជូនខ្លួនឱ្យច្បាប់ចាត់ការបន្ទាប់ពីជនសង្ស័យរូបនេះ ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារប្រុសស្រី ០២ នាក់ នាពាក់កណ្តាលអាធ្រាត យប់ម៉ោង១២ និង៣០នាទីឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបាន
ចូលសារភាពកំហុស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ។

​ហេតុការណ៍បាញ់ប្រហារមួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ រហូតដល់ ផ្ទុះការងើងឆ្ងល់ ពីសំណាក់មហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែគ្រប់គ្នាចងដឹងថា មូលហេតុអ្វីទើបបានជា មានការបាញ់ប្រហារដ៏ឃោរឃៅនេះកើតឡើង រហូតបណ្តាលឱ្យជនរងគ្រោះ០២នាក់រងរបួសធ្ងន់។

​ជនរងគ្រោះទី១. ឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ បានរងរបួសចំនួន០៣គ្រាប់ (ចំស្មាខាងស្តាំចំនួន០២គ្រាប់ និង កំភួនដៃខាងឆ្វេង ០១គ្រាប់) និងជនរងគ្រោះទី២. ឈ្មោះ គង់ វិន ភេទប្រុស អាយុ៣០ឆ្នាំ បានរងរបួសចំនួន០១គ្រាប់ (​ចំស្មាខាងស្តាំ​)។

​នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានរៀបរាប់ថា រូបគេមានឈ្មោះ ប៊ុន តេង កើតឆ្នាំ១៩៨៦ មានមុខរបរជាយោធា ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ T53A ផ្លូវW23C7 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុរូបគេ ពិតជាបានបាញ់ប្រហារ លើប្រុសស្រីទាំង២នាក់នោះពិតប្រាកដមែន ដោយប្រើប្រាស់អាវុធខ្លី០១ដើម ម៉ាក BERATA តែការបាញ់ប្រហារនោះ គឺព្រោះតែមានការភ័ន្តច្រឡំគ្នាប៉ុណ្ណោះ។

​ជនដៃដល់បានរៀបរាប់បន្តទៀតថា រូបគេជាមួយជនរងគ្រោះទាំង០២ គឺជាមនុស្សស្គាល់គ្នាប្រហែលកន្លះឆ្នាំមកហើយ តាមរយៈការផឹកស៊ីជាមួយមិត្តភក្តិ តៗគ្នា។

​នៅមុនថ្ងៃកើតហេតុគឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេរួមជាមួយមិត្តភក្តិ សរុបមានគ្នា ០៨ នាក់ បាននាំគ្នាចូលរួមផឹកស៊ីក្នុងខារ៉ាអូខេ រីវើឡែស ព្រែកលាប។

​ក្នុងអំឡុងពេលផឹកស៊ី រូបខ្លួន (ជនដៃដល់) និងមិត្តភក្តិ ឈ្មោះ ប៊ី បានទាស់សម្តីគ្នា រហូតដល់រូបខ្លួន (ជនដៃដល់) បានវាយឈ្មោះ ប៊ី មួយដៃ បណ្តាលឱ្យជ្រុះអាវុធខ្លីរបស់ខ្លួន ហើយក៏ត្រូវបានមិត្តភក្តិផ្សេង​ទៀតជួយឃាត់។

​ភ្លាមនោះឈ្មោះ ពេជ្រ សាឡន បានរើសយក អាវុធខ្លីហ៊ុចមកឱ្យខ្លួនវិញ ហើយក្រោយមកកម្មវិធីត្រូវបានបញ្ចប់ រូបខ្លួន (ជនដៃដល់) ក៏បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-6967 ជូនឈ្មោះសម្បត្តិ និង ឈ្មោះ ប៊ី ទៅផ្ទះរៀងៗខ្លួន​។

​លុះស្អែកឡើងថ្ងៃទី២៥ រូបខ្លួន (ជនដៃដល់) បានបាត់បង់កាំភ្លើងអស់០១ ក៏ជិះរថយន្តទៅផ្ទះឈ្មោះ ពេជ្រ សាឡន ដើម្បីសួររកបង់កាំភ្លើង តែ ពេជ្រ សាឡន បានប្រាប់ថាមិនឃើញ ទើបខ្លួនគិតថា ប្រហែលជាធ្លាក់នៅក្នុងបន្ទប់ខារ៉ាអូខេ​។

​ភ្លាមនោះខ្លួនក៏បើករថយន្តទៅ សួរដល់បន្ទប់ខារ៉ាអូខេ តែគេប្រាប់ថា បានឃើញមនុស្សស្រីម្នាក់យកចេញក្រៅបាត់ទៅហើយ ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញដើម្បីជូនប្រពន្ធ ទៅកម្មវិធីឡើងផ្ទះបងប្អូន នៅផ្សារដីហ៊ុយ។

​រហូតដល់ម៉ោងប្រហែល ១១ យប់ថ្ងៃទី២៥ដដែល ខ្លួនបានត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូនវិញ ខ្លួនក៏បានបើករថយន្តទៅផ្ទះ ពេជ្រ សាឡន ម្តងទៀត ក្នុងគោលបំណងទៅសួររកបង់កាំភ្លើងដែលបាត់​​។

​តែពេលទៅដល់មុខផ្ទះ ពេជ្រ សាឡន ស្រាប់តែឃើញរថយន្តម៉ាក TACOMA មួយគ្រឿង ដែលមានជនរងគ្រោះ ឈ្មោះ គង់ វិន ហៅ វ៉ែនតា ជិះជាមួយ ឈ្មោះ សិង វិន ហៅ ភ័ស្ត ឈប់ក្បែរផ្ទះ ពេជ្រ សាឡន ខ្លួនក៏អែបរថយន្តទៅឈប់ទន្ទឹមគ្នា និងចុចកញ្ចក់រថយន្តចុះដូចគ្នា ហើយខ្លួនក៏សួរទៅឈ្មោះ វ៉ែនតា ថា បានឃើញបង់កាំភ្លើងរបស់ខ្លួនឬអត់?

ស្រាប់តែឈ្មោះ គង់ វិន ហៅ វ៉ែនតា មិនព្រមឆ្លើយតប និងលើកអាវឡើង ទើបខ្លួននឹកក្នុងចិត្តថា ប្រហែលគេខឹងហើយដកកាំភ្លើងបាញ់រូបខ្លួន ខ្លួនក៏ដកកាំភ្លើងខ្លីបាញ់ពួកគេមុនអស់ចំនួន ៥ គ្រាប់ រួចគេចខ្លួនទៅផ្ទះតែម្តង​។

​លុះព្រឹកឡើងបានជិះតាក់ស៊ីទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បីលាក់ខ្លួនតាម ព្រំដែន។

​ក្រោយមក ដោយបានដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវស៊ើបអង្កេត ជាបន្តបន្ទាប់ យ៉ាងប្រកិតៗ ទើបខ្លួនសម្រេចចិត្ត ចូលមកសារភាពតែម្តង៕

Leave a comment