មន្ត្រីប៉ូលិសម្នាក់យកកាំបិតផ្គាក់គប់កូនខ្លួនឯង បែរជាត្រូវកូនក្មេងកំពុងជិះកង់សន្លប់ឈឹង

174
views

​ភ្នំពេញ​ ៖​ មានករណីប្រើអំពើហិង្សាដោយអចេតនា យកកាំបិតផ្គាក់គប់បណ្តាលឱ្យ​របួសកូនក្មេងម្នាក់អាយុ៣ឆ្នាំសន្លប់ឈឹង​ កាលពីថ្ងៃទី០៧ មីនា ២០១៨ ម៉ោង៣ និង​១០នាទីរសៀល នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា កុមារារងគ្រោះឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

​ចំណែក ជនសង្ស័យឈ្មោះ ហ៊ុត សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប៉ូលិសវរៈការពារព្រំដែន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា ជនសង្ស័យបានឈ្លោះប្រកែកជាមួយកូនប្រុសខ្លួននៅចំណុចកើតហេតុខាងលើ រួចក៏យកកាំបិតផ្គាក់ដងឫស្សីប្រវែង ១ ម៉ែត្រ គប់ទៅលើកូនប្រុសខ្លួន ក៏ត្រូវកុមារារងគ្រោះ ដែលកំពុងជិះកង់លេងនៅក្បែរនោះចំថ្ងាស់បែកឈាមសន្លប់បាត់ស្មារតី ។

ពេលនោះឪពុកម្តាយកុមារារងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឱ្យ សមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកកុមារារងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា៕

Leave a comment