ក្រុមហ៊ុនផលិតស្រូវដ៏ធំមួយនៅកម្ពុជាប្រកាសច្រូតកាត់ស្រូវក្រអូបជំហានទីមួយ

190
views

​កណ្តាល ៖​ លោកអគ្គនាយកក្រុមហ៊ុនផលិតស្រូវដ៏ធំមួយនៅកម្ពុជាបាន​ប្រកាសថា​ ​ថ្ងៃនេះក្រុមហ៊ុនរបស់លោកចាប់ផ្តើមច្រូតកាត់ស្រូវប្រដេញទឹកប្រភេទស្រូវក្រអូបធម្មជាតិដំណាក់កាលទី១ ប្រមាណ៩៨០ហិកតា​ ដោយក្រុមហ៊ុនរបស់លោកបាន ប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ។

​លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ មានប្រសាសន៍បែបនេះក្នុងឱកាស ចុះត្រួតពិនិត្យ​ការច្រូតកាត់ ពូជស្រូវសែនក្រអូបគ្មានជាតិគីមីប្រមាណ៩៨០ហិកតា និងចាប់ផ្តើមភ្ជួររាស់ដាំដំណាំស្រូវប្រាំងជំហានទី២ កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៨ ស្ថិតនៅតំបន់អភិវឌ្ឍន៍ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

​លោកអគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍បន្តថា ឆ្នាំនេះទឹកទន្លេអំណោយផលល្អ បឹងបួរមានទឹកគ្រប់គ្រាន់បានជួយដល់ប្រជាកសិកម្មក្នុងការបង្កបង្កើនផល​។ ក្នុងនោះ​ក្រុមហ៊ុនកសិកម្មរបស់លោកបានត្រៀម លក្ខណៈរៀបចំប្រព័ន្ធធារាសាស្ត្រជាស្រេច ដោយបានបូមទឹកទាំងថ្ងៃទាំងយប់ ​ស្តុកទឹកក្នុងអាងទំហំ១៤០ ហិកតាដែល អាចស្រោចស្រពដំណាំស្រូវដោយធ្វើបាន២ដង នារដូវប្រាំងឆ្នាំនេះ​។

​លោកអគ្គនាយកក្រុមហ៊ុនបន្តថា មិនត្រឹមតែប្រើប្រាស់ នៅក្នុងកសិដ្ឋានប៉ុណ្ណោះទេ ក្រុមហ៊ុនរបស់លោកថែមទាំងបានផ្តល់ជូនប្រជាកសិករ ដែលនៅក្បែរតំបន់កសិកម្មនេះ ​រាប់រយហិកតាទៀតផង ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានផលស្រូវ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសាររបស់គាត់​ទៀតផង​​។

​លោកអគ្គនាយកក្រុមហ៊ុនបន្តទៀតថា ​យោងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាគោលនយោបាយនាំចេញអង្ករ ១ លានតោនក្នុងមួយឆ្នាំរបស់កម្ពុជា ហើយសម្តេចបានជំរុញនិងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ត ដើម្បីឱ្យគោលនយោបាយផ្នែកកសិកម្មមួយនេះ សម្រេចបានទៅតាមផែនការ។

​ទាក់ទិនករណីនេះ​ លោកឧកញ៉ា ឌី​ ប៉ូ បានប្តេជ្ញាធ្វើ​ជាកោសិកាមួយ ក្នុងការរួមចំណែក បំពេញនូវផលិតកម្មស្រូវ និងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក១លានតោន ក្នុងមួយឆ្នាំ៕

Leave a comment