បាត់លុយរាប់ម៉ឺនដុល្លារ, ថៅកែអាមេរិកាំងលបដាក់កាមេរ៉ាចាប់បានចោរស្គមម្នាក់

337
views

​ភ្នំពេញ​ ៖​ ដោយសារតែចោរលួចលុយជាបន្តបន្ទាប់អស់រាប់ម៉ឺនដុល្លារ​ ថៅកែហាងជនជាតិអាមេរិក បានលបដាក់កាមេរ៉ាសុវត្ថិភាព​ ក៏ឃាត់ខ្លួនបានអ្នករត់តុម្នាក់ជាអ្នកលួចលុយ៣០០ដុល្លារ កាលពីថ្ងៃទី០៨ មីនា ២០១៨ ម៉ោង០៧ និង៣០នាទី នៅហាងឃីងដុម ផ្លូវលំ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ដេវីត មីស្សែលដេនញែល ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិអាមេរិកកាំង សញ្ជាតិខ្មែរ មុខរបរម្ចាស់ហាងឃីងដុម ស្នាក់នៅផ្ទះលេខJ៣ ផ្លូវ លំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

​ចំណែក ជនសង្ស័យឈ្មោះ ចែម ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបោសសំអាតហាងឃីងដុមស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា រយៈពេលជិតមួយឆ្នាំ ជនរងគ្រោះបានបាត់ លុយជាច្រើនលើកដែលទុកនៅក្នុងកាបូប ទុកនៅថតតុក្នុងបន្ទប់ហាងខាងលើ សរុបប្រហែល ១៥.០០០ដុល្លារ ។ រួចជនរងគ្រោះក៏ បានលួចដាក់កាមេរ៉ាសុវត្តិភាពមិនឱ្យបុគ្គលិក ដឹងទេ។

​លុះដល់ថ្ងៃទី០៨ មីនា ២០១៨ ម៉ោង០៧ និង៣០នាទី ជនសង្ស័យដែលជាបុគ្គលិកបោសសំអាតក្នុងហាង បានចូល លួចលុយនៅក្នុងកាបូបទុកនៅថតតុក្នុងបន្ទប់ហាងខាងលើ ចំនួន៣០០ដុល្លារ។

​រហូតដល់ម៉ោង១០ ថ្ងៃដដែល ជនរងគ្រោះបានទៅឆែកកាមេរ៉ាសុវត្តិភាពឃើញសកម្មភាពជនសង្ស័យលួចលុយ ក៏ហៅមេការឱ្យឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច ធ្វើការសាកសួរ រួចជនសង្ស័យក៏បានសារភាពថា កន្លងមកធ្លាប់លួចលុយជនរងគ្រោះ ចំនួន ៣០០ដុល្លារ យកទៅស៊ីចាយអស់មែន។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Leave a comment