បញ្ជូនចោរប្លន់នៅហាងកាហ្វេ Wring Cafe ព្រែកលៀបពីរនាក់ទៅតុលាការ

125
views

ភ្នំពេញ​ ៖ សមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនចោរប្លន់២នាក់ ទៅតុលាការ​នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨​ បន្ទាប់ពីបានធ្វើសកម្មភាព​ យកកាំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយត្រូវបានបណ្តាញសង្គមនិ ងសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ យ៉ាង​គគ្រឹក​គ្រែងដោយក្តីហួសចិត្ត​។

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យដែលជាចោរប្លន់ មានឈ្មោះ ហូ ម៉េងហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធហត្ថ ចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។

​តាមចម្លើយសារភាពជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃកើតហេតុ រូបគេជិះម៉ូតូឌុបទៅទិញកាំភ្លើងជ័រ នៅខាងក្រោយ រោងចក្រព្រែកលៀប ក្នុងតម្លៃ៥០០០រៀល​, បន្ទាប់មកក៏ជិះម៉ូតូឌុបទៅផឹកកាហ្វេនៅហាងមួយកន្លែងមិនស្គាល់ឈ្មោះ នៅម្តុំព្រែកលៀប​។

​លុះពេលផឹកកាហ្វេរួច ដោយខ្លួនខ្វះលុយឱ្យថ្លៃកាហ្វេ ក៏សម្រេចចិត្តដក់កាំភ្លើងជ័រចេញពីចង្កេះ ភ្ជង់ទៅលើបុគ្គលិកស្រីម្នាក់ ហើយស្រែកគំរាមឱ្យបុគ្គលិកនោះអង្គុយចុះ រួចស្រវា យកលុយបានចំនួន ៤៨.៩០០រៀល, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH​។ បន្ទាប់មកក៏ជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ។

​លុះស្អែកឡើងយកម៉ូតូ លក់ឱ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ។

​ក្រោយស្តាប់ចម្លើយជនសង្ស័យចប់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបន្តនីតិវិធីទៅសហការជាមួយអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការស្វែងរកឃាត់ខ្លួន អ្នកទទួលទិញផលចោរកម្មម្នាក់ទៀត ដែលមានឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

​បុរស ឈ្មោះ ម៉ាន អាស់ម៉ាត់ បានសារភាពថា រូបគេពិតជាទិញម៉ូតូ ពីបុរសឈ្មោះ ហូ ម៉េងហ័រ ពិតប្រាកដមែន ដោយពុំមានធ្វើលិខិតស្នាមអ្វីនោះទេ ព្រោះ ហូ ម៉េងហ័រ ប្រាប់ថា ម៉ូតូនោះគាត់ ទើបប្លន់បានពីស្ត្រីមា្នក់ ហើយម៉ូតូមានភ្ជាប់ GPS តែត្រូវគាត់ដោះចេញបាត់អស់ហើយ។

​ព្រមជាមួយគ្នានោះផងដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឆែកឃើញថ្នាំញៀនមួយកញ្ចប់ ដែលឈ្មោះ ម៉ាន អាស់ម៉ាត់ បានទិញមក សម្រាប់លក់បន្តទៀតផង។
ជនដៃដល់ដែលប្លន់ផ្ទាល់ និងអ្នកទទួលទិញម៉ូតូចោរ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅ តុលាការផ្តន្ទាទោសតាមច្បាប់ និងបានដកហូតម៉ូតូដែលប្លន់យកទៅ ប្រគល់ជូនម្ចាស់ដើមវិញ​៕

Leave a comment