ជិះម៉ូតូចេញពីផ្ទះព្រោះខឹងឪពុកវាយ ចៃដន្យចោរប្លន់យកម៉ូតូទៅបាត់

92
views

​ភ្នំពេញ ៖ យុវជនម្នាក់បានអះអាងថា ដោយសារខឹងឪពុកវាយ បានបើកម៉ូតូទាំងយប់ចេញពីផ្ទះ ក្នុងគោលបំណងទៅរកកន្លែងដេក ក្បែរកន្លែងធ្វើការ តែចៃដន្យចោរប្លន់យកម៉ូតូទៅបាត់ កាលវេលាម៉ោង​៨ និង ៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយផ្លូវបេតុងចំណុចមុខក្លឹបបុប្ផារាជនី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ជនរងគ្រោះឈ្មោះ ញុន ចាន់បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅ រោងចក្រ ស្នាក់នៅ ភូមិស្ពានខ្ពស់ផ្ទះលេខ៨៦ ផ្លូវលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

​តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគេ បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី០១៦ មានស្លាក លេខ1 FK-5853។ ដោយសារខឹងឪពុកវាយក៏ជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅស្ទឹងមានជ័យរកកន្លែងដេក ពីព្រោះជិតកន្លែងធ្វើការ លុះមកដល់ផ្លូវចាក់បេតុងទល់មុខបុប្ផារាជនី រូបគេក៏ឈប់ម៉ូតូនិយាយទូរស័ព្ទ​។

​ខណៈដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងឌ្រីម១២៥ មិនចាំស្លាកលេខ មកពីក្រោយក៏ទាញជនរងគ្រោះទម្លាក់ ហើយយកម៉ូតូជិះគេចខ្លួនទៅបាត់​។

​​ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឱ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីចាប់ជនសង្ស័យទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

Leave a comment