ស្រីស្អាតម្នាក់បើករថយន្តទំនើប​បុករបាំងថ្មក្រឡាប់ផ្ងារកង់ រួចខ្ទាតរបាំងថ្ម​ទៅចំរថយន្តមួយទៀតខ្ទេចទៅមុខលែងរួច

108
views

ភ្នំពេញ ៖ ​នារីរូបស្រស់ស្អាតម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើប​ បោះពួយយ៉ាងលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្រឡាប់ រួចខ្ទាតរបាំងថ្ម ត្រូវចំរថយន្តមួយគ្រឿងទៀត ខ្ទេចទៅមុខ លែងរួច​។

​គ្រោះថ្នាក់នេះ​​កើតឡើង​វេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខសាលាអន្តរជាតិ Eton House ជិត Brown Coffee តាមបណ្តោយផ្លូវម៉ៅសេទុង ជិតស្តុប បូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កម៉ាក KIA Carnival ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 បើកបរដោយនារីរូបស្រស់ស្អាតម្នាក់ ទំនងស្រវឹងស្រា​។ រីឯរថយន្តរងគ្រោះដោយសាររបាំងថ្មខ្ទាត ម៉ាក Camary បាឡែន ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AS-5179 ជិះគ្នា៤នាក់​។

​ប្រភពបន្តថា ​នៅមុនពេលកើតហេតុ​គេឃើញមានរថយន្តបង្ក ធ្វើដំណើរ​ពីលិចទៅកើត ក្នុងលឿងយ៉ាងលឿនដូចហោះ​។ លុះមកដល់ចំនុចកើតហេតុ មុខសាលាអន្តរជាតិ Eton House ក៏បានទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែករបាំងថ្ម បានខ្ទាតទៅចំរថយន្តមួយគ្រឿង កំពុងធ្វើដំណើរតាមផ្លូវ ម៉ៅសេទុងពីកើតទៅលិច បណ្ដាលឱ្យរងការខូចខាត​ខ្ទេចមួយកំណាត់មុខ​ បើកទៅមុខលែងរួច​។

​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ​។ ចំណែកនារីរូបស្រស់ដែលជាអ្នកបើកបររថយន្តស៊េរីទំនើប ត្រូវសមត្ថកិច្ចមូលដ្ឋាននាំទៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីរង់ចាំធ្វើការសាកសួរ​៕

Leave a comment