ក្រោយវាយលុក ៨ ខែ ទីបំផុត នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើ ISIS ដោយដណ្តើមបានទីក្រុង ម៉ូស៊ុល មកវិញ

214
views

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានមកដល់ទីក្រុងម៉ូស៊ុលដើម្បីប្រកាសជ័យជម្នះលើក្រុមរដ្ឋអ៊ីស្លាម ក្នុងប្រតិបត្តិការជាង ៨ ខែដើម្បីបណ្ដេញក្រុមសកម្មយុទ្ធចេញពីទីក្រុងនេះ។

ទូរទស្សន៍រដ្ឋបានស្រង់សម្ដីលោក Haider al-Abadi ដោយនិយាយថា គាត់បានអបអរក្រុមយុទ្ធជននិងប្រជាជនក្នុងជ័យជម្នះដ៏ធំក្នុងទីក្រុងដ៏សំខាន់មួយនេះ។

ដោយស្លៀកពាក់ក្នុងឈុតកងកម្លាំងពិសេសអ៊ីរ៉ាក់ពណ៌ខ្មៅ លោក al-Abadi ត្រូវបានឃើញកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈចេញពីយន្តហោះយោធានិងត្រូវបានស្វាគមន៍ដោយក្រុមមេបញ្ជាការជាន់ខ្ពស់។

ដោយគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក អ៊ីរ៉ាក់បានបើកប្រតិបត្តិការដើម្បីដណ្ដើមទីក្រុងម៉ូស៊ុលក្នុងខែតុលា។ ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានបណ្ដេញក្រុមសកម្មយុទ្ធចេញពីតំបន់ទាំងអស់ ហើយកំពុងដេញចាប់សកម្មយុទ្ធក្នុងតំបន់ខ្លះក្នុងទីក្រុង។

ក្រុមសកម្មយុទ្ធរដ្ឋអ៊ីស្លាមបានដណ្ដើមបានទីក្រុងម៉ូស៊ុល ដែលជាទីក្រុងធំទីពីរនៅប្រទេសអ៊ីរ៉ាក់ ត្រឹមតែប៉ុន្មានថ្ងៃក្នុងរដូវក្ដៅឆ្នាំ ២០១៤៕

ប្រភព៖បរទេស

Leave a comment