កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា ចាប់ខ្លួនមនុស្ស ៥ នាក់ពីបទទិញអាវុធពីភាគីខ្មែរ

1364
views

ប្រទេសថៃ ៖ កាំភ្លើងត្បាល់ ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន ត្រូវក្រុមតម្រួតថៃ ចាប់បាននៅក្នុងខេត្តស្រះកែវ ត្រូវបានជនសង្ស័យឆ្លើយសារភាពថា បានយកពីខាង​ ទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកផ្តល់ឱ្យ ខណៈដែលជនសង្ស័យចំនួន៥នាក់ បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកម្លាំងស្ទាក់ចាប់តែម្តង នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវ
ប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួន នៅ កន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ។

យោងតាមរបាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង ០០ និង៣០ នាទី រំលងអាធ្រាត្រ ឈានចូលយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ បានចុះសហការជាមួយកម្លាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត និងកម្លាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ ស្តីពីករណីជួញដូរអាវុធខុសច្បាប់។

ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងនោះមាន៖ ១.ឈ្មោះ ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ, ២.ឈ្មោះ ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ, ៣.ឈ្មោះ ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុស អាយុ៣០ឆ្នាំ ៤.ឈ្មោះ ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និង៥.ឈ្មោះ មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ។

នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម, កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម, គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ៣ គ្រាប់, គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ ឈុត, រថយន្ត ចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង។

ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង ៥ នាក់ ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាត នោះ ត្រូវបានកម្លាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាង ទៅកាន់ ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណាឱ្យ​បានច្បាស់​៕

Leave a comment