កុមារីដើរតួជាកូនប្រុសរបស់ទិនហ្វី ធំពេញក្រមុំស្តូក ឥឡូវកំពុងរស់នៅអាមេរិក និងរៀបរាប់ពីសម្ពាធខ្លាំងពីភាពល្បីល្បាញរបស់នាង

ក្នុងឆ្នាំ ២០០៨ Xu Jiao បានក្លាយជាឈ្មោះដ៏ល្បីល្បាញមួយនៅអាយុ ៩ ឆ្នាំនៅពេលដែលនាងត្រូវបានជ្រើសរើសដោយកំពូលតារាកំប្លែងហុងកុង Stephen Chow Sing-chi ឬហៅទិនហ្វី ដើម្បីសម្តែងក្នុងរឿងកំប្លែងបែបវិទ្យាសាស្ត្រចិន CJ7 ។ ពាក់អាវយឺតវែងក្បាលត្រងោល នាងដើរតួជាកូនប្រុសរបស់ Chow រួមជាមួយនឹងតួសុនខក្រៅភពមួយក្បាលក្នុងខ្សែភាពយន្ត ហើយ Xu បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នឹងជំនាញសម្ដែងរបស់នាងជាខ្លាំង។

ខ្សែភាពយន្ត ដែលរកចំណូលបាន ៥៤ លានដុល្លារអាមេរិកពីការដាក់បញ្ជាំងលើរោងកុនជុំវិញពិភពលោកនេះ បានធ្វើឱ្យ Xu ក្លាយជាតួល្បីត្រឹមតែមួយប៉ព្រិចភ្នែក។ នាងបានឈ្នះពានរង្វាន់អ្នកសម្តែងថ្មីឆ្នើមនៅឯមហោស្រពភាពយន្តហុងកុងលើកទី ២៨ សម្រាប់ការសម្តែងរបស់នាង។

ដោយឆ្លុះបញ្ចាំងជីវិតរបស់នាងក្នុងភាពយន្តនោះ  Xu ដែលឥឡូវមានអាយុ ២២ ឆ្នាំ បានប្រាប់អ្នកាសែតនៅក្នុងបទសម្ភាសន៍មួយថា កេរ្តិ៍ឈ្មោះឆាប់ល្បីពីក្មេងពេកគឺជាអាវុធមុខពីរសម្តាប់តារាវ័យក្មេងដូចនាង។ 

នាង Xu និយាយថា "អ្នកនិពន្ធប្រលោមលោកដ៏ល្បីរបស់ចិនឈ្មោះ Eileen Chang និយាយថា កិត្តិនាមគួរកើតឡើងឆាប់សម្រាប់អ្នកដែលស្វែងរកវា។ ប៉ុន្តែកិត្តិនាមនៅវ័យក្មេងល្ហក់ពេកគឺនាំមកជាមួយនូវសម្ពាធ...អ្នកនឹងបាត់បង់ឯកជនភាពរបស់អ្នក។ រាល់ការដេកដើរឈរអង្គុយរបស់អ្នកនឹងត្រូវគេតាមដាន និងក្លាយជាប្រធានបទពិភាក្សាជាសាធារណៈ។ មនុស្សនឹងប្រើកែវពង្រីកដើម្បីស្វែងរកមើលកំហុសរបស់អ្នក"។ 

នាង Xu មានអារម្មណ៍រងសម្ពាធខ្លាំងហួសថ្លែងចំពោះរាល់ការចាប់អារម្មណ៍ទាំងឡាយ ខណៈនាងចម្រើនវ័យធំធាត់ឡើង។ នាងនិយាយថា "នោះហើយជាមូលហេតុដែលខ្ញុំចាកចេញទៅសហរដ្ឋអាមេរិកដើម្បីសិក្សារៀនសូត្រ។ តាមរយៈការចាកចេញក្រៅស្រុក ខ្ញុំអាចរក្សាតុល្យភាពរវាងកិត្តិនាម និង ឯកជនភាពរបស់ខ្ញុំ និងរវាងការងារនិងការសិក្សាររបស់ខ្ញុំផង"៕ 

adverise with khmeread