កម្មករនិងនិស្សិតក្រីក្របង្ខំចិត្តរស់នៅផ្ទះជួលតូចចង្អៀត ព្រោះអចលនទ្រព្យនៅទីក្រុងសេអ៊ូលឡើងថ្លៃខ្លាំងពេក

អ្នកថតរូបម្នាក់បានផ្តិតយកស្ថានភាពរស់នៅដ៏ចង្អៀតនៅតាមផ្ទះជួលក្នុងប្រទេសកូរ៉េខាងត្បូង កន្លែងដែលកម្មករនិងនិស្សិតដែលមានប្រាក់ចំណូលទាបរាប់ពាន់នាក់ត្រូវបង្ខំចិត្តរស់នៅក្នុងបន្ទប់ដ៏សែនតូច ដោយសារតែតម្លៃអចលនទ្រព្យនៅទីក្រុងសេអ៊ូលកើនឡើងខ្លាំងពេក។​ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី៤ធ្នូ។

ផ្ទះជួលតូចចង្អៀតតម្លៃថោកទាំងនេះជាធម្មតាមានទំហំតូចជាង ៥ ម៉ែត្រការ៉េ ហើយស៊កណែនទៅដោយសម្លៀកបំពាក់សៀវភៅនិងគ្រឿងសង្ហារិម ដែលអាចដេកបានតែមនុស្សម្នាក់ប៉ុណ្ណោះ ដូច្នេះបើមានគ្នា២នាក់ឡើងគឺច្បាស់ជាលំបាកបន្តិចហើយ។

បន្ទប់ជួលខ្នាតតូចមានគ្រែតូចនិងតុសិក្សាបានបង្ហាញខ្លួនដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយត្រូវបានប្រើជាផ្ទះបណ្តោះអាសន្នតម្លៃថោកសម្រាប់និស្សិតដែលត្រៀមប្រឡងថ្នាក់ជាតិនិងប្រឡងចូលធ្វើការងាររដ្ឋ។

ប៉ុន្តែឥឡូវនេះផ្ទះជួលបែបនេះបានក្លាយជាផ្ទះរបស់កម្មករដែលគ្មានលទ្ធភាពបង់ថ្លៃជួលផ្ទះធំជាងនេះនៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង កន្លែងដែលតម្លៃអចលនទ្រព្យកាន់តែឡើងថ្លៃកប់ពពកទៅៗ។ ផ្ទះទាំងនេះមានប្រជាប្រិយភាពក្នុងចំណោមអ្នកដែលមានចំណូលទាបព្រោះបន្ទប់ជួលមានតម្លៃចន្លោះពី ២០ ម៉ឺនវ៉ុនទៅ ៣០ ម៉ឺនវ៉ុន (៨០ ទៅ ១៧០ ដុល្លារ) ក្នុងមួយខែ ថោកជាងផ្ទះល្វែង។

ផ្ទះល្វែងជួលមាន១បន្ទប់ គឺមានតម្លៃជួលប្រហែល ១០០ លានវ៉ុន (៨៤.០០០ ដុល្លារ) សម្រាប់កុងត្រាជួល២ឆ្នាំពេញ ដែលតម្រូវឱ្យអ្នកជួលបង់លុយជាមុនយ៉ាងច្រើនក្រាស់ក្រែល ដូច្នេះជម្រើសល្អសម្រាប់អ្នកក្រគឺមានតែផ្ទះជួលតូចចង្អៀតប៉ុណ្ណោះ៕ 

adverise with khmeread