កូនប្រុសឆ្លាតលួចឆ្កូតឡានទំនើបនៅក្នុងហាងដើម្បីរំអុកឱ្យឪពុកទិញឱ្យជិះ តែត្រូវជាប់គុក

បុរសអាយុ ២២ឆ្នាំម្នាក់នៅប្រទេសចិនថ្មីៗនេះ ត្រូវបានគេចាប់ជាប់សកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព ដោយគាត់មានចេតនាឆ្កូតឡានម៉ាកថ្មីមួយគ្រឿងនៅហាងលក់ឡានមួយកន្លែងក្នុងប្រទេសចិន។

យោងតាមវេបសាយ Shanghaiist បានឱ្យដឹងថា វីដេអូឃ្លាំមើលដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Miaopai មួយនេះ ត្រូវបានថតចេញពីខាងក្នុងបន្ទប់តាំងបង្ហាញរថយន្ត BMW នៅទីក្រុង Shangrao ខេត្ត Jiangxi។

នៅក្នុងវីដេអូបុរសមិនស្គាល់អត្តសញ្ញាណរូបនោះត្រូវគេមើលឃើញកំពុងឆ្កូតទ្វាររថយន្តស្ព័រពណ៌ខៀវមួយគ្រឿងជាមួយនឹងកូនសោ បណ្តាលឱ្យមានស្នាមឆ្កូតដ៏វែងមួយ។ ហើយជាហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើល គឺបុរសរូបនេះបានធ្វើវាដោយចេតនាដើម្បីបង្ខំឪពុករបស់គាត់ទិញឡានមួយគ្រឿងនេះសម្រាប់គាត់។

ភ្លាមៗបន្ទាប់ពីការបង្កការខូចខាតទៅលើរថយន្ត បុរសនោះបានប្រាប់បុគ្គលិកម្នាក់ពីហាងកើតហេតុថាគាត់មានគម្រោងទិញឡានមួយនេះ។ យ៉ាងណាក្តី បុគ្គលិកហាងបានជូនដំណឹងទៅប៉ូលិស ហើយពេលដែលមន្រ្តីប៉ូលិសទៅដល់ បុរសបង្កបានពន្យល់ថា ឡានមួយគ្រឿងនេះនឹងត្រូវបង់ថ្លៃដោយឪពុករបស់គាត់។

បុរសរូបនោះបានអះអាងថា ឪពុករបស់គាត់បានសន្យាថានឹងទិញរថយន្តមួយគ្រឿងសម្រាប់គាត់ ជារង្វាន់សម្រាប់ការទទួលបានប័ណ្ណបើកបររបស់គាត់។ ដោយសារឪពុករបស់គាត់មិនបានទិញវា គាត់បានចាប់ផ្តើមស្វែងរកឡានទំនើប ហើយបង្ខំឱ្យឪពុករបស់គាត់ទិញវាដោយបង្កររខូចខាតបន្តិចបន្តួចទៅលើវា។

ខណៈ​ចុងក្រោយវាអាចនឹងក្លាយជាការពិតដូចគាត់ប៉ាន់ស្មានទុកក្នុងការទិញឡាននោះបានសម្រេច គាត់មិនបានមើលឃើញថា ទីបំផុតគាត់ត្រូវជាប់គុកចំពោះរឿងនេះនោះទេ។ 

ផ្អែកលើរបាយការណ៍ មិនមានការបញ្ជាក់ណាមួយថា កូនប្រុសដ៏ឈ្លាសវៃរូបនេះពិតជាត្រូវឪពុកទិញរថយន្តមួយគ្រឿងនោះឱ្យជិះឬក៏អត់នោះទេ ប៉ុន្តែអ្វីដែលច្បាស់ការគឺបុរសនោះត្រូវបានឃុំខ្លួនមួយរយៈខ្លីចំពោះសកម្មភាពរបស់គាត់៕

adverise with khmeread