Ozil កំពុងធ្លាក់ហ៊ុងស៊ុយខ្លាំង ត្រូវចិនស្អប់មួយប្រទេស ឥឡូវមកត្រូវហ្គេម PES ដកចេញទៀត

ខ្សែបម្រើ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេដកចេញពីវីដេអូហ្គេម Pro Evolution Soccer 2020 របស់ប្រទេសចិន បន្ទាប់ការរិះគន់របស់គាត់ចំពោះការធ្វើទុក្ខបុក្ខម្នេញរបស់ចិនទៅលើជនជាតិមូស្លីមភាគតិច Uighur។

Ozil ដែលជាជនជាតិមូស្លីមមួយរូបផងដែរនោះ បានហៅជនជាតិមូស្លីម Uighur ថាជា "អ្នកប្រយុទ្ធដែលប្រឆាំងនឹងការបៀតបៀន"។

គាត់ក៏បានរិះគន់ផងដែរទៅលើទាំងចិន និងភាពស្ងៀមស្ងាត់របស់ប្រជាជនមូស្លីមលើពិភពលោកក្នុងការឆ្លើយតប។

ក្រុមហ៊ុនហ្គេមអនឡាញយក្សចិន NetEase ដែលជាអ្នកចេញផ្សាយផ្តាច់មុខទៅលើហ្គេម PES ក្នុងប្រទេសចិន បាននិយាយថា អតីតកីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានដកចេញពីកំណែហ្គេមចំនួនបីរួចជាស្រេចនៅក្នុងប្រទេសមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនហ្គេមខាងលើបាននិយាយថា "កីឡាករសញ្ជាតិអាល្លឺម៉ង់ Ozil បានបង្ហោះសេចក្តីថ្លែងការណ៍វាយប្រហារដ៏ធ្ងន់ធ្ងរលើចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មតិនេះបានវាយប្រហារអារម្មណ៍ប្រិយមិត្តចិនយ៉ាងខ្លាំង និងរំលោភលើស្មារតីនៃក្តីស្រឡាញ់ និងសន្តិភាពរបស់កីឡា។ យើងមិនយល់ មិនអាចទទួលយកបាន ឬលែកលែងទៅលើរឿងនេះបានទេ"។

ក្រុម Arsenal បាននិយាយថា ក្លឹបនេះគឺ "មិនចាប់អារម្មណ៍រឿងនយោបាយនោះទេ" ហើយក្រសួងការបរទេសចិនបានអះអាងថា Ozil វ័យ ៣១ឆ្នាំដែលមានដើមកំណើតតួកគី បាន "ចាញ់បោកព័ត៌មានក្លែងក្លាយ" ដែលសរសេរកុហកអំពីបាតុភាពជាក់ស្តែងដែលបានកើតឡើងនៅចិន៕

adverise with khmeread