នាយកក្រុមហ៊ុនឱសថចិនអាយុ៦៥ឆ្នាំស្លាប់គាំងបេះដូងនៅលើឆាក ពេលកំពុងប្រាប់គន្លឹះអំពីអាយុវែង

នាយកក្រុមហ៊ុនឱសថចិនអាយុ ៦៥ ឆ្នាំម្នាក់បានទទួលមរណភាពដោយសារគាំងបេះដូងនៅលើឆាក ខណៈកំពុងប្រាប់គន្លឹះអំពីអាយុវែងក្នុងសុន្ទរកថាមួយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣១ធ្នូ។

លោក Chen Peiwen វ័យ ៦៥ ឆ្នាំ គឺជានាយកក្រុមហ៊ុនឱសថបុរាណចិនមួយ។ គាត់បានដួលលើឆាកពីមុខទស្សនិជនដ៏រន្ធត់កាលពីខែមុន អំឡុងពេលព្រឹត្តិការណ៍មួយក្នុងភាគខាងត្បូងប្រទេសចិន។

យោងតាមវេបសាយ Southern Metropolis Weekly លោក Chen គឺជាប្រធានក្រុមហ៊ុន Zhongyi Health និងក្រុមហ៊ុនបច្ចេកវិជ្ជាមានមូលដ្ឋានក្នុងខេត្ត Guangdong។

ក្រុមហ៊ុននេះបើកជាផ្លូវការក្នុងខែសីហា។ ហើយផលិតផលឱសថរបស់ក្រុមហ៊ុនគឺមានតម្លៃ ៨៦ ដុល្លារក្នុងមួយដប ដែលវាផ្សំទៅដោយឱសថច្រើនមុខ និងអាចព្យាបាលជំងឺរលាកសន្លាក់ដៃជើងបានទៀតផង។

បុគ្គលិកមកពីក្រុមហ៊ុនសុខភាពនេះបានប្រាប់អ្នកយកព័ត៌មានថា លោក Chen បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៧ ខែវិច្ឆិកានៅទីក្រុងចាងចូវជាទីក្រុងមួយក្នុងខេត្តហ្វូជាន នៅពេលគាត់គាំងបេះដូងស្លាប់៕

adverise with khmeread