ក្មេងអាយុ១២ឆ្នាំបានកាដូកែវយឹតថ្ងៃបុណ្យណូអែល យកទៅឆ្លុះជាមួយពន្លឺព្រះអាទិត្យបណ្តាលឱ្យឆេះសួនមុខផ្ទះផ្អើលភូមិ

ពិធីបុណ្យណូអែលបានបន្សល់នូវអគ្គីភ័យសម្រាប់គ្រួសារមួយក្នុងរដ្ឋតិចសាស់ បន្ទាប់ពីក្មេងប្រុសអាយុ​ ១២ឆ្នាំមួយរូប បានសម្រេចចិត្តប្រើប្រាស់កែវយឹតសម្រាប់ពិសោធន៍អ្វីផ្សេងជាជាងយកវាទៅយឺតមើលអក្សរ។

អ្នករចនាម៉ូតផ្ទៃខាងក្នុងផ្ទះ លោកស្រី Nissa-Lynn Parson បានចែករំលែកបទពិសោធន៍នៅលើបណ្តាញសង្គម Facebook ពីរបៀបដែលពិធីជួបជុំថ្ងៃបុណ្យណូអែលរបស់គ្រួសារអ្នកស្រីកន្លងទៅគឺ "មិនអាចបំភ្លេចបាន" បន្ទាប់ពីកូនប្រុសអាយុ ១២ឆ្នាំរបស់គាត់ បានប្រើប្រាស់កែវយឹតដែលគាត់ទទួលបានពីកាដូថ្ងៃគ្រិស្តស្មាស់ យកទៅឆ្លុះពន្លឺថ្ងៃដើម្បីបញ្ឆេះភ្លើង។

លោកស្រី Parson និយាយនៅក្នុងវីដេអូបង្ហោះនៅលើ Facebook ថា "Cayden បានសុំកែវយឺតសម្រាប់បុណ្យណូអែល។ យើងបានគិតថា អូ គាត់បែបជាចង់ឆ្លុះមើលអ្វីមួយហើយ។ ទេ គាត់ចង់ដឹងថាតើគាត់អាចធ្វើអ្វីឱ្យឆេះបានអត់ជាមួយវា ហើយពិតជាធ្វើបានពិតមែន"។

ឪពុករបស់ Cayden លោក Justin Parson បានប្រាប់ទៅទូរទស្សន៍ FOX4 ថា នៅព្រឹកថ្ងៃបុណ្យណូអែល ពេលដែលកូនប្រុសរបស់គាត់បានបើកកាដូឃើញកែវយឹត គាត់ប្រតិកម្មជាមួយពាក្យសម្តីនិយាយថា "យ៉ៃ កែវយឺត"។

លោក Justin Parson បានប្រាប់ទៅទូរទស្សន៍មួយនេះថា "កូនប្រុសសាច់ញាតិដទៃទៀតនៅក្រោយខ្នងគាត់បានបន្លឺឡើងថា យ៉ៃ ឥឡូវនេះយើងអាចបញ្ឆេះអីលេងឱ្យទៅជាភ្លើងបានហើយ។ ហើយពេលបានឮហើយយើងមានអារម្មណ៍ថា អូយយ៉ូយសំណព្វចិត្ត"។

នៅពេលថ្ងៃត្រង់នៅថ្ងៃបុណ្យណូអែល ក្មេងប្រុស ១២ឆ្នាំរូបនេះនិងបងប្អូនប្រុសពីរនាក់របស់គាត់ផ្សេងទៀត បាននាំគ្នាទៅក្រៅ និងដុតក្រដាសកាសែតមួយចំនួន។ ប៉ុន្តែបន្ទាប់ពីក្រដាសកាសែតឆេះមួយសន្លឹកធ្លាក់ទៅលើស្មៅ អគ្គីភ័យបានឆេះរាលដាលពេញទីធ្លាខាងមុខផ្ទះរបស់ពួកគេ នៅទីក្រុង McKinney ក្បែរក្រុង Dallas។

ភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស បង្កើតជាផ្សែងខ្មៅក្នុងរយៈពេលប៉ុន្មាននាទី ដែលកូនប្រុសរបស់ប្តីប្រពន្ធមួយគូនេះបាននិយាយថា "ខ្ពស់ដូចដើមឈើ" មួយដើម។

សមាជិកគ្រួសារនេះបានប្រញាប់ប្រញាល់យកធុងទឹក និងភួយមកបង្ក្រាបអណ្តាតភ្លើង ខណៈអ្នកដទៃទៀតក៏បានបើកទឹកបាញ់ដើម្បីការពារអណ្តាតភ្លើងកុំឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង។

លោកស្រី Nissa-Lynn Parson បាននិយាយបន្ទាប់ពីឧបទ្ទវហេតុនៅថ្ងៃបុណ្យណូអែលនោះថា កែយឹតឥឡូវនេះនឹងត្រូវបានប្រើប្រាស់យ៉ាងតឹងរ៉ឹងនៅក្នុងស្ថានភាពដែលមិនងាយឆេះ៕

 

adverise with khmeread