ឥណ្ឌាកម្ទេចសណ្ឋាគារប្រណីតកម្ពស់រាប់សិបជាន់ ព្រោះថ្លើមធំហ៊ានសង់បាំងទេសភាពមាត់សមុទ្រដោយរំលោភច្បាប់បរិស្ថាន

សណ្ឋាគារប្រណីតមាត់សមុទ្រចំនួនពីរនៅឥណ្ឌាភាគខាងត្បូងត្រូវបានបំផ្ទុះចោលរាបដល់ដីនៅថ្ងៃសៅរ៍នេះ ដើម្បីជាគំរូបង្ហាញពីការអនុវត្តច្បាប់តឹងរ៉ឹងរបស់អាជ្ញាធរទៅលើក្រុមហ៊ុនសំណង់ណាដែលហ៊ានរំលោភច្បាប់បរិស្ថាន។ នេះយោងតាមការចុះផ្សាយរបស់កាសែត Daily Mail។ 

សណ្ឋាគារប្រណីតកម្ពស់១៩ជាន់ឈ្មោះ H2O Holy Faith ដែលមើលឃើញទេសភាពផ្ទៃសមុទ្រនិងដើមឈើខៀវស្រងាត់ជុំវិញដ៏ល្បីនៅរដ្ឋ Kerala គឺជាសណ្ឋាគារដំបូងគេដែលត្រូវវាយរាបដល់ដី ដោយរលំមកដល់ដីត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ 

សណ្ឋាគារនេះបានសង់បាំងទេសភាពសមុទ្រដ៏ស្រស់បំព្រងជាច្រើនឆ្នាំមកហើយ រហូតដល់តុលាការកំពូលសម្រេចកាលពីខែឧសភាឆ្នាំ ២០១៩ ថា សណ្ឋាគារនេះសង់រំលោភច្បាប់ស្តីពីឆ្នេរសមុទ្រ។ 

ប៉ុន្មាននាទីក្រោយមក អគារភ្លោះនៃសណ្ឋាគារ Alfa Serene ដែលនៅឃ្លាតមាត់សមុទ្រតែប៉ុន្មានម៉ែត្រ ត្រូវបានបំផ្ទុះឱ្យរលំឮសូរគ្រាំង។ អគារ២ខ្នងទៀតរបស់វានឹងត្រូវកម្ទេចចោលនៅថ្ងៃអាទិត្យ។ ហ្វូងមនុស្សបាននាំគ្នាចោមរោមមើលការកម្ទេចនេះនៅផ្លូវក្បែរៗនោះ ខណៈពួកមន្ត្រីជិះឧទ្ធម្ភាគចក្រពិនិត្យមើលពីលើមេឃ។ 

វិស័យសំណង់មានការកើនឡើងខ្លាំងនៅប្រទេសឥណ្ឌានាប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែក្រុមហ៊ុនសាងសង់ជាច្រើនតែងឆ្លៀតឱកាសរំលោភលើសុវត្ថិភាពសាងសង់និងបំពានច្បាប់ គួបផ្សំជាមួយនឹងការឃុបឃិតពីអាជ្ញាធរផងដែរ៕ 


 

adverise with khmeread