ពួកមន្ត្រីចិនណែនាំប្រជាជនកុំឱ្យធ្វើដំណើរទៅ Wuhan

អាជ្ញាធរចិនបានណែនាំប្រជាជនឱ្យឈប់ធ្វើដំណើរចេញចូលទីក្រុង Wuhan ដែលជាកន្លែងផ្ទុះនូវវីរុសថ្មីសម្លាប់មនុសស្ស ៩ នាក់។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

ពួកមន្ត្រីសុខាភិបាលចិនបានព្រមានថា វីរុសថ្មីនេះអាចឆ្លងពីមនុស្សទៅមនុស្ស និង រីករាលដាលបន្ថែមទៀត ខណៈដែលពួកគេកំពុងបង្កើនវិធានការទប់ស្កាត់។ 

ឥឡូវនេះមានករណីបញ្ជាក់ចំនួន ៤៤០ករណី ខណៈដើមកំណើតនៃវីរុសនេះគឺផ្តើមចេញពីផ្សារមួយកន្លែង ដែលជួញដូរសត្វព្រៃខុសច្បាប់នៅទីក្រុង Wuhan។

បច្ចុប្បន្នវាបានរីករាលដាលដល់ខេត្តមួយចំនួនរបស់ចិន ក៏ដូចជានៅបរទេសរួមមានសហរដ្ឋអាមេរិក ថៃ និងកូរ៉េខាងត្បូងជាដើម។

អាជ្ញាធរបានសារភាពថា ប្រទេសនេះបច្ចុប្បន្នបានស្ថិតក្នុង "ដំណាក់ធ្ងន់ធ្ងរបំផុត" នៃការការពារ និងការត្រួតពិនិត្យ។

វីរុសដែលត្រូវបានគេស្គាល់ឈ្មោះជា 2019-nCoV មួយនេះ ត្រូវបានគេយល់ថាជាមេរោគថ្មី ដែលមិនស្គាល់អត្តសញ្ញាណពីមុនមកទេនៅក្នុងខ្លួនមនុស្ស។

សញ្ញានៃការឆ្លងគឺទាក់ទងនឹងបញ្ហាផ្លូវដង្ហើមដូចជា គ្រុនក្តៅ ក្អក ដង្ហើមខ្លី និងពិបាកដកដង្ហើម៕

adverise with khmeread