លោកតាអ៊ីតាលីអាយុ ១០១ ឆ្នាំ ធ្លាប់រួចផុតពីស្លាប់ដោយសារផ្តាសាយអេស្ប៉ាញ ឥឡូវមករួចជីវិតពីជំងឺកូវីដ១៩ម្តងទៀត

យោងតាមសារព័ត៌មាន USA Today កាលពីថ្ងៃទី២៧មីនា បុរសអ៊ីតាលីវ័យ ១០១ ឆ្នាំម្នាក់បានរស់រានមានជីវិតពីការតស៊ូនឹងជំងឺកូវីដ១៩ ដែលកំពុងអុកឡុកពេញពិភពលោក។

មន្ត្រីម្នាក់មកពីទីក្រុង Rimini ភាគឦសានឆ្នេរប្រទេសអ៊ីតាលីនិយាយថា បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា លោក P. ត្រូវបានឱ្យចេញពីមន្ទីរពេទ្យកាលពីពេលថ្មីៗក្នុងសប្ដាហ៍នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA របស់អ៊ីតាលី លោក Gloria Lisi អភិបាលរងក្រុង Rimini បាននិយាយថា "គាត់ពិតជាធ្វើបាន។ លោក P. ពិតជាធ្វើបានមែន។ ថ្វីបើគាត់មានអាយុ ១០១​ឆ្នាំក៏ពិតមែន អនាគតរបស់គាត់មិនទាន់ដល់ទីបញ្ចប់នោះឡើយ"។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺលោក P. ធ្លាប់ឆ្លងជំងឺផ្ដាសាយអេស្ប៉ាញ ដែលរីករាលដាលពាសពេញពិភពលោកកាលពី ១០០ ឆ្នាំមុន ហើយគាត់ឆ្លងផុតពីសេចក្តីស្លាប់។ ហើយសាជាថ្មីម្ដងទៀតលោក P. បានឆ្លងកាត់ជំងឺកូវីដ១៩ និងរួចផុតពីសេចក្ដីស្លាប់ម្ដងទៀត។ លោក P. កើតនៅឆ្នាំ ១៩១៩ ចំពេលផ្ទុះជំងឺផ្ដាសាយអេស្ប៉ាញ និងវីរុស H1N1 ដែលរីករាលពីឆ្នាំ ១៩១៨ ដល់ ១៩១៩ និងសម្លាប់មនុស្ស ៥០ លាននាក់ជុំវិញពិភពលោក។

ប្រទេសអ៊ីតាលីជាពិសេសតំបន់ភាគខាងជើងបានប្រឈមនឹងវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈមន្ទីរពេទ្យជាច្រើនលែងមានសមត្ថភាពទប់ទល់នឹងលំហូរអ្នកជំងឺដ៏ច្រើនលើសលប់៕ ប្រភព៖ USA Today

adverise with khmeread