អ្នកគាំទ្រដាក់ញត្តិទៅប្រធានាធិបតីឱ្យជួយការពារ Idol ពួកគេផង បន្ទាប់ពី Goo Hara ស្លាប់ ទំនងធ្វើអត្តឃាត ហើយក៏បែកធ្លាយរឿងមួយទៀតទាក់ទងនឹងអតីតមិត្តប្រុសរបស់នាង

អ្នកគាំទ្របានកាន់ទុក្ខនិងសំណួរជាច្រើនត្រូវបានសួរកាលពីថ្ងៃចន្ទទី២៥វិច្ឆិកា បន្ទាប់ពីតារាចម្រៀង K-pop និងជាជនរងគ្រោះពីការគំរាមទម្លាយវីដេអូសិច នាង Goo Hara ត្រូវបានគេរកឃើញស្លាប់ ទំនងជាធ្វើអត្តឃាត ដោយធ្វើឱ្យនាងក្លាយជាតារាចម្រៀងស្រីទី ២ ក្នុងរយៈពេលមួយខែដែលប្រល័យជីវិតខ្លួនឯងនៅក្នុងឧស្សាហកម្មកម្សាន្តដែលមានសម្ពាធខ្ពស់នេះ។

សាកសពរបស់ Goo Hara សមាជិកអតីតក្រុមចម្រៀងស្រី Kara ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃអាទិត្យនៅផ្ទះរបស់នាងនៅសង្កាត់ Cheongdam ដែលជាសង្កាត់មានបំផុតមួយក្នុងទីក្រុងសេអ៊ូល។

ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់នាងហើយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ពួកគេនៅតែ "រក្សាលទ្ធភាពនៃការធ្វើអត្តឃាតក្នុងការពិចារណា"។

ក្នុងខែឧសភា តារាវ័យ ២៨ ឆ្នាំរូបនេះបានសុំទោសដល់អ្នកគាំទ្ររបស់នាង បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាតបរាជ័យ ដោយនិយាយថា នាងបាន "រងទុក្ខវេទនាខ្លាំងណាស់លើបញ្ហាជាច្រើន"។

នាង Goo Hara ត្រូវបានវាយដំដោយអតីតមិត្តប្រុសកាលពីឆ្នាំមុន បន្ទាប់ពីអ្នកទាំងពីរចែកផ្លូវគ្នា ហើយបុរសនោះសម្លុតកំហែងនាងជុំវិញវីដេអូសិចរបស់អ្នកទាំងពីរ។

អតីតជាងកាត់សក់ឈ្មោះ Choi Jong-bum បានគំរាម "បញ្ចប់អាជីពសិល្បៈរបស់នាង" ដោយទម្លាយវីដេអូសិច ហើយឃ្លីបវីដេអូសុវត្ថិភាពនៃគូស្នេហ៍នេះបានបង្ហាញថា តារាចម្រៀងរូបនេះបានលុតជង្គង់នៅចំពោះមុខគាត់ ដែលទំនងសុំអង្វរគាត់កុំឱ្យទម្លាយវីដេអូនោះ។

នៅក្នុងប្រទេសកូរ៉េខាងត្បូងអភិរក្សនិយម ស្ត្រីដែលលេចមុខក្នុងវីដេអូបែបនេះច្រើនតែមានអារម្មណ៍ខ្មាស់អៀន បើទោះបីជាពួកនាងជាជនរងគ្រោះក្តី ហើយប្រឈមនឹងភាពឯកោនិងការដាក់នៅដាច់តែឯងក្នុងសង្គម ប្រសិនបើរូបភាពទាំងនោះលេចចេញជាសាធារណៈ។

បុរសនោះត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋជាច្រើនរួមទាំងការគំរាមកំហែងកាលពីខែសីហានិងត្រូវបានកាត់ទោសជាប់ទោសព្យួរ ប៉ុន្តែតារារូបនេះបានក្លាយជាគោលដៅនៃការបញ្ចេញមតិព្យាបាទតាមអនឡាញចាប់តាំងពីឧបទ្ទវហេតុនេះមក។

មុនពេលសាកសពរបស់នាងត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ គណនី Instagram របស់នាងត្រូវបានជោរជន់ដោយមានមតិស្អប់ខ្ពើមលើរូបរាងនិងប្រវត្តិរបស់នាងជាមួយអតីតសង្សារ។

នាងគូបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៨ ជាមួយក្រុម Kara ហើយក្រោយមកបានចាប់អាជីពជាតារាចម្រៀងទោលបន្ទាប់ពីក្រុមនេះបានបែកបាក់។

មរណភាពរបស់នាងបានបង្កឱ្យមានញត្តិតាមអ៊ីនធឺណេតនៅលើវេបសាយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងចំពោះបទឧក្រិដ្ឋតាមអ៊ីនធឺណេតនិងការធ្វើអត្ថាធិប្បាយព្យាបាទតាមអនឡាញ ដែលប្រមូលបានហត្ថលេខាជាង ២០.០០០ ក្នុងរយៈពេលតិចជាងមួយថ្ងៃ។

ញត្តិនោះបានសរសេរថា "មួយរយៈមុននេះ យើងបានបាត់បង់មនុស្សម្នាក់តាមរយៈការអត្ថាធិប្បាយបែបស្អប់ខ្ពើម ហើយរឿងនេះមិនអាចកើតឡើងម្តងទៀតបានទេ។ សូមការពារមនុស្សពីមតិស្អប់ខ្ពើមនិងការរិះគន់ដែលកំពុងរីករាលដាលដូចជាវីរុស"។ 

សារបង្ហោះលើ Instagram ចុងក្រោយរបស់ Goo Hara កាលពីល្ងាចថ្ងៃសៅរ៍ បានបង្ហាញនាងដេកនៅលើគ្រែជាមួយចំណងជើងថា "រាត្រីសួស្តី"៕

adverise with khmeread