គ្រាន់តែឥណ្ឌាបន្ធូរបន្ថយបម្រាមបិទប្រទេសភ្លាម មនុស្សសម្រុកទៅទិញស្រាភ្លែត ប៉ូលិសទាញដំបងដេញវាយខ្ចាត់ខ្ចាយ

មនុស្សរាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅហាងលក់ស្រានានានៅទីក្រុងញូវដែលីកាលពីថ្ងៃចន្ទ ទី៤ ឧសភា ខណៈរដ្ឋធានីឥណ្ឌាបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតមួយចំនួន បន្ទាប់ពីបិទទ្វារក្រុងរយៈពេល ៤០ ថ្ងៃដើម្បីប្រឆាំងនឹងកូវីដ១៩ ខណៈការិយាល័យខ្លះបានបន្តការងារជាមួយបុគ្គលិកតិចតួចនិងចរាចរចាប់ផ្តើមមាននៅលើដងផ្លូវវិញ។

រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថាការបិទប្រទេសដ៏តឹងរ៉ឹងបំផុតកំពុងត្រូវបានបន្ធូរបន្ថយនៅតំបន់ខ្លះដែលមានការឆ្លងតិចជាងមុនទោះបីជាការបិទនេះនឹងបន្តនៅរហូតដល់ថ្ងៃទី ១៧ ខែឧសភាក៏ដោយ។ វិធានការនេះត្រូវបានអនុម័តកាលពីថ្ងៃទី ២៥ ខែមីនានិងបានបន្លាយពេលចំនួន ២ ដង។

រថយន្តរដ្ឋាភិបាលជាច្រើនបានស្ថិតនៅលើចរាចរណ៍នៅតាមមហាវិថីនៃក្រុងដេលីកាលពីថ្ងៃចន្ទ ខណៈប៉ូលិសនៅប៉ុស្តិ៍ត្រួតពិនិត្យបានឆែករថយន្តដើម្បីធានាថាមិនមានអ្នកជិះលើសពីពីរនាក់។ មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាស់។

នៅម៉ោង ៩:៣០ នាទីព្រឹក មនុស្សជាង ៥០០ នាក់បានតម្រង់ជួរនៅក្រៅហាងលក់ស្រាមួយនៅតំបន់ Kalyan Puri ស្ថិតនៅភាគខាងកើតរដ្ឋធានី មុនពេលហាងនោះត្រូវបិទទ្វារវិញ ហើយប៉ូលិសបានយកដំបងដេញវាយបំបែកហ្វូងមនុស្សទាំងនោះ។ នេះយោងតាមសាក្សីម្នាក់ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ 

លោក Ajay Kumar មន្ត្រីរដ្ឋាភិបាលក្រុងញូវដេលីទទួលបន្ទុកពិនិត្យលើហាងស្រាបាននិយាយថា ប៉ូលិសបានស្នើឱ្យហាងស្រាខ្លះបិទទ្វារតាមបទបញ្ជាពីអាជ្ញាធរអនុវត្តច្បាប់។ 

ការបន្ធូរបន្ថយនេះអាចនឹងជំរុញការឆ្លងកូវីដ១៩នៅឥណ្ឌា កន្លែងដែលមានករណីឆ្លងសរុបចំនួន ៤២.៥០០ នាក់ និងស្លាប់ ១.៣០០ នាក់ ប៉ុន្តែរដ្ឋខ្លះចង់បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ព្រោះចំណូលធ្លាក់ចុះនិងមនុស្សរាប់លាននាក់ពិបាករស់នៅដោយគ្មានចំណូល៕ ប្រភព៖ straitstimes

adverise with khmeread