រដ្ឋាភិបាលក្រុងហាណូយបញ្ជាឱ្យក្រុមហ៊ុន Vingroup ផលិតម៉ាស៊ីនដកដង្ហើមនៅមុនរលកទីពីរនៃកូវីដ១៩ចូលមកដល់

រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុនជាច្រើនផលិតម៉ាស៊ីនដកដង្ហើមនៅក្នុងចំណាត់ការមួយដើម្បីជំរុញការការពាររបស់ប្រទេសប្រឆាំងនឹងវីរុសកូរ៉ូណា និងជំងឺផ្លូវដង្ហើមផ្សេងទៀត។

ក្រុមហ៊ុនក្នុងស្រុកដឹកនាំដោយក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនពហុផលិតផលធំបំផុតនៅក្នុងប្រទេសវៀតណាម បានបោះជំហានទៅមុខដើម្បីស្វែងរកដៃគូ រក្សាសិទ្ធិបញ្ញា និងធ្វើការស្រាវជ្រាវដើម្បីផលិតឧបករណ៍វេជ្ជសាស្រ្តមួយនេះ។

កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន Vingroup បាននិយាយថា ខ្លួនទទួលបានជោគជ័យក្នុងការផលិតគំរូនៃម៉ាស៊ីនដកដង្ហើមពីរប្រភេទ។ នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងការបង្កើតថ្មីរបស់ Vingroup និងវិទ្យាស្ថានអាមេរិក Massachusetts Institute of Technology និងក្រុមហ៊ុនវេជ្ជសាស្រ្តអាមេរិក Medtronic។

Vingroup បាននិយាយថា ម៉ាស៊ីនដកដង្ហើមដំបូងនឹងត្រៀមរួចរាល់សម្រាប់ការធ្វើតេស្តចុងក្រោយនៅពាក់កណ្តាលខែឧសភា ហើយខ្លួនរំពឹងថានឹងមានពេលវេលាប្រហាក់ប្រហែលគ្នានេះសម្រាប់ការទទួលបានអាជ្ញាប័ណ្ណផលិតផលិតផលទ្រង់ទ្រាយធំ។ រោងចក្ររបស់ខ្លួនអាចផលិតម៉ាស៊ីននេះបាន ៥៥.០០០ ឈុតក្នុងមួយខែ ដោយមានឆន្ទៈធ្វើការជាមួយដៃគូដទៃទៀតដើម្បីផលិតម៉ាស៊ីនសម្រាប់ទីផ្សារក្រៅប្រទេស៕ ប្រភព៖ Asian Review

adverise with khmeread